លក្ខណៈរូបសាស្ដ្រនៃដំណាំស្រូវ
លក្ខណៈ រូបសាស្ដ្រនៃដំណាំស្រូវ គឺជាមូលដ្ឋានដើមក្នុងការស្វែងយល់ពីដំណាំស្រូវ ។ ការយល់ដឹងពីលក្ខណៈរូបសាស្ដ្ររបស់ដំណាំស្រូវមានសារៈសំខាន់ណាស់ ក្នុងការងារជ្រើសរើសពូជ ការបង្កាត់ពូជ និងការងារគ្រប់គ្រងដំណាំស្រូវ ដើម្បីបង្កើនទិន្នផល ។ ជាទូទៅ ដើមស្រូវត្រូវបានបែងចែកជា ឫស ដើម ស្លឹក កួរ និងគ្រាប់ (រូបភាព១) ។ ដោយផ្អែកទៅលើដំណើរការលូតលាស់របស់ដំណាំស្រូវ លក្ខណៈរូបសាស្ដ្ររបស់ដំណាំស្រូវត្រូវបានបែងចែកជាពីរផ្នែកគឺ លក្ខណៈរូបសាស្ដ្រនៃសរីរាង្គលូតលាស់ និងលក្ខណៈរូបសាស្ដ្រនៃសរីរាង្គបន្ដពូជ ។
រូប១ លក្ខណៈរូបសាស្ត្ររបស់ដើមស្រូវ
១- លក្ខណៈរូបសាស្ដ្រនៃសរីរាង្គលូតលាស់
សរីរាង្គ លូតលាស់របស់ដំណាំស្រូវរួមមាន គ្រាប់ស្រូវ (Rice grain) ឫសស្រូវ (Roots) ដើមស្រូវ (Culm) និងស្លឹកស្រូវ (Leaf) (រូបភាព២) ។
រូប២ សរីរាង្គលូតលាស់របស់ដំណាំស្រូវ
១.១- គ្រាប់ស្រូវ (Rice grain)
គ្រាប់ស្រូវ មួយ ផ្សំឡើងដោយសំបកគ្រាប់ (Rice hull) គ្រាប់អង្ករសម្រូប (Brown rice) អ័ក្សទ្រគ្រាប់ (Rachilla) សំបកនិប្ជល (Sterile lemmas) កំពកចុងស្មែង (Rudimentary glumes) និងទងគ្រាប់(Pedicel) (Matsuo and Hoshikow, 1993) (រូបភាព៣) ។ គ្រាប់អង្ករសម្រូបត្រូវបានរុំព័ទ្ធដោយសំបកគ្រាប់ ដែលផ្នែកទាំងពីរនេះភ្ជាប់ជាមួយទងគ្រាប់ដោយអ័ក្សទ្រគ្រាប់នា កំពកនៃចុងស្មែង ។ នៅពីក្រោមអ័ក្សទ្រគ្រាប់ គឺសំបកនិប្ជល ។
រូប៣ លក្ខណៈរូបសាស្ត្ររបស់គ្រាប់ស្រូវ
១.១.១- សំបកគ្រាប់ (Rice hull)
សំបក នេះ មានសភាពរឹងដែលស្រោបគ្រាប់អង្ករសម្រូបពីខាងក្រៅ ។ កាលណាគេយកសំបកនេះចេញពីគ្រាប់អង្ករ ត្រូវបានគេហៅថា “អង្កាម” ។ សំបកគ្រាប់ចែកចេញជាពីរផ្នែកគឺ សំបកធំ ឬសំបកពោះ (Lemma) និងសំបកតូច ឬសំបកខ្នង (Palea) (រូបភាព៣) ។ នៅលើសំបកគ្រាប់មានរោមជាច្រើន ហើយពូជស្រូវខ្លះ នៅផ្នែកខាងចុងនៃសំបកធំមានកន្ទុយ ។ សំបកធំ (Lemma) និងសំបកតូច (Palea) មានមុខងារសំខាន់ណាស់សម្រាប់ការពារនូវជាលិការបស់គ្រាប់អង្ករ កំណត់ទម្រង់ទំហំនៃគ្រាប់ ព្រមទាំងរយៈពេលដុះពន្លកឫសនៃគ្រាប់ ។ កាលណាសំបកគ្រាប់មានកម្រាស់ស្ដើង នោះការដុះពន្លកគ្រាប់បានឆាប់ តែផ្ទុយមកវិញប្រសិនបើសំបកគ្រាប់មានកម្រាស់ក្រាស់ នោះរយៈពេលនៃការដុះពន្លកគ្រាប់យូរ (CIAP, 1996) ។
១.១.២- អ័ក្សទ្រគ្រាប់ (Rachilla) និងសំបកនិប្ជល (Sterile lemmas)
អ័ក្សទ្រគ្រាប់ គឺជាផ្នែកមួយនៃគ្រាប់ស្រូវ ដែលជាចំនុចប្រសព្វរវាងសំបកធំ (Lema) និងសំបកតូច (Palea) ហើយមានតួនាទីយ៉ាងសំខាន់ក្នុងការកាន់ទ្រផ្កា និងគ្រាប់នីមួយៗរបស់ដំណាំស្រូវ ។ លើសពីនេះទៅទៀត អ័ក្សទ្រគ្រាប់មានតួនាទីក្នុងការតភ្ជាប់រវាងសំបកនិប្ជល (Sterile lemmas) និងតួគ្រាប់ស្រូវ ។ សំបកនិប្ជល គឺជាសំបកគ្រាប់ស្រូវដែលគ្មានការលូតលាស់ ដែលស្ថិតនៅពីខាងក្រោមនៃសំបកធំ (Lema) និងសំបកតូច (Palea) ។ សំបកនិប្ជលចែកចេញជា២ គឺសំបកនិប្ជលលើ (Upper glumme) និងសំបកនិប្ជលក្រោម (Lower glumme) (រូបភាព៣) ។
១.១.៣- កំពកចុងស្មែង (Rudimentary glumes) និងទងគ្រាប់ ឬទងផ្កា (Pedicel)
កំពក ចុងស្មែង គឺជាផ្នែកខាងចុងគេបំផុតនៃស្មែង ដែលមានរាងកំប៉ោងដូចពែង ។ វាស្ថិតនៅពីក្រោមសំបកនិប្ជល (Sterile lemmas) ។ កំពកនេះ មានតួនាទីយ៉ាងសំខាន់ ក្នុងការរក្សានូវលំនឹងរបស់គ្រាប់ស្រូវ ។ ទងគ្រាប់ ឬទងផ្កា គឺជាផ្នែកនៅខាងក្រោមគេបំផុតនៃគ្រាប់ស្រូវ ។ ផ្នែកនេះមានតួនាទីក្នុងការភ្ជាប់ផ្កាស្រូវជាមួយនឹងស្មែងកួរ ។
១.១.៤- គ្រាប់អង្ករសម្រូប (Brown rice)
គ្រាប់ស្រូវ នៅពេលដែលគេបកយកសំបកគ្រាប់ (Rice hull) ឬអង្កាមចេញ គេហៅថាអង្ករសម្រូប (រូបភាព៤) ។ គ្រាប់អង្ករសម្រូប ត្រូវបានហ៊ុំព័ទ្ធដោយស្រទាប់សម្រូបខាងក្រៅ (Pericarp layer) និង ស្រទាប់សម្រូបខាងក្នុង (Aleurone layer) ដែលផ្ទុកទៅដោយខ្លាញ់ ប្រូតេអ៊ីន និងវីតាមីន ។ នៅខាងក្នុងស្រទាប់ទាំងពីរនេះ គឺសាច់គ្រាប់ ឬអង់ដូស្ពែម (Endosperm) និងអំប្រ៊ីយ៉ុង (Embryo) ដែលខណ្ឌដាច់ភ្នាសអេពីតេស្យូម (Epitelium) ។
រូប៤ លក្ខណៈរូបសាស្ត្រនៃអង្ករសម្រូប
អង់ដូស្ពែម ឬសាច់គ្រាប់ (Endosperm) គឺជាផ្នែកសារធាតុចិញ្ចឹមនៃគ្រាប់ទុំ ហើយដែលអាចទ្រទ្រង់ការដុះលូតលាស់នៃពន្លកបាន ។ អង់ដូស្ពែមរួមផ្សំជាពិសេសដោយ អាមីដុង ប្រហែល ៨០% និងសារធាតុសំខាន់ៗដទៃទៀត ដែលរួមមានសារធាតុ ស្កររ ប្រូតេអ៊ីន និងសារធាតុខ្លាញ់ (Vergara, 1989) ។ សារធាតុទាំងនោះជាអាហារធាតុបម្រុងចាំបាច់របស់អំប្រ៊ីយ៉ុងសម្រាប់ ដំណើរការដំណុះគ្រាប់ ។ អង់ដូស្ពែមមានពីរប្រភេទ គឺអង់ដូស្ពែមដែលមានភាពស្រអាប់ (អង្ករដំណើប) និងអង់ដូស្ពែមដែលមានភាពថ្លា(អង្ករខ្សាយ) ។ ប្រភេទនីមួយៗរបស់អង់ដូស្ពែម មានលក្ខណៈខុសៗគ្នាគឺអាស្រ័យទៅនឹងបរិមាណនៃអាមីឡូសដែលមាននៅ ក្នុងនោះ ។
អំប្រ៊ីយ៉ុង ឬភ្រូណា (Embryo) ស្ថិតនៅផ្នែកចំហៀងពោះនៃសំបកគ្រាប់ធំ ដែលជាពន្លកនៃអនាគតរុក្ខជាតិថ្មីមួយដើមដែលមាននៅក្នុងគ្រាប់ ។ នៅក្នុងអំប្រ៊ីយ៉ុងរួមមាន ពន្លកស្លឹក (Plumule) ពន្លកឫសដំបូង (Radicle) បណ្ដុំ សរសៃរនាំសារធាតុចិញ្ខឹម (Vascular bundle) ហើយដែលផ្នែកទាំងបីនេះរុំព័ទ្ធដោយស្គូតេឡូម (Scutelum) (រូបភាព៥) ។ គ្រប់កោសិកានៃអំប្រ៊ីយ៉ុងផ្ទុកទៅដោយស្កររ ប្រូតេអ៊ីន និងខ្លាញ់ដែលជាប្រភពនៃថាមពល និងអង់ស៊ីមនាពេលគ្រាប់ចាប់ផ្ដើមដុះ ។
រូប៥ អំប៊្រីយ៉ុង
១.២- ឫសស្រូវ (Roots)
ឫស គឺជាបណ្ដុំសរីរាង្គដែលប្រមូលផ្ដុំឡើងដោយសរសៃចាក់ស្រេះចូលគ្នា ដោយចៃដន្យ និងកំណត់ដោយសរសៃតូចៗជាច្រើន ។ ឫសស្រូវចាប់កើតមានឡើងតាំងពីគ្រាប់ស្រូវចាប់ដុះពន្លក នៅពេលគេយកទៅធ្វើដំណុះ ហើយមានមុខងារក្នុងការជួយទ្រទ្រង់ដល់ការលូតលាស់របស់សំណាប និងបន្ដបន្ទាប់មកឫសស្រូវចាប់ផ្ដើមដុះចេញពីសរីរាង្គផ្សេងៗ ផ្នែកខាងក្រោមរបស់ដើម ដូចជា គល់ខ្នែងបែកដំបូង និងថ្នាំងរបស់ដើម (Fujil, 1974) ។ ឫសរបស់ដំណាំស្រូវចែកចេញជា៣ គឺ ឫសកែវ ឫសព្រយោង និងឫសខ្យល់ (រូបភាព៦) ។
រូប៦ក លក្ខណៈរូបសាស្ត្រនៃឫសរបស់ដំណាំស្រូវ
រូប៦ខ លក្ខណៈរូបសាស្ត្រនៃឫសរបស់ដំណាំស្រូវ
១.២.១- ឫសកែវ (Seminal root)
ឫសកែវ គឺជាឫសដំបូងបង្អស់ដែលដុះចេញពីគ្រាប់ស្រូវ នៅពេលដែលស្រូវចាប់ផ្ដើមដុះពន្លកដំបូង ហើយឫសនេះមានអាយុពី ១ ទៅ ៣០ ថ្ងៃ ប៉ុណ្ណោះ ។ ឫសកែវដុះចេញក្នុងរយៈពេល ២ ទៅ ៣ ម៉ោង បន្ទាប់ពីស្រោមពន្លកឫស (Coleorhiza) លេចឡើង (ដុះចេញ) ។ ឫសកែវនឹងងាប់ទៅវិញក្នុងរវាងអាយុ ១ ខែ នៅក្រោយពេលដែលឫសព្រយោងចាប់ផ្ដើមដុះ និងកើនឡើងជាបន្ដបន្ទាប់ ។ ឫសកែវមានមុខងារ ស្រូបយកទឹកសម្រាប់ផ្ដល់ឱ្យគ្រាប់ដើម្បីធ្វើប្រតិកម្មបម្លែងម្សៅ អាមីដុង បង្កើតទៅជាស្ករ និងបម្លែងសារធាតុចិញ្ចឹមផ្សេងៗទៀត ដើម្បីផ្ដល់ឱ្យពន្លកដើមអាចរស់រាន្ដមានជីវិត ។
១.២.២- ឫសព្រយោង (Nodal or adventitious roots)
ឫសព្រយោង ជាប្រភេទឫសដែលដុះចេញពីគល់ថ្នាំងនៃដើមស្រូវ ដែលកប់ក្នុងដី ដែលមានតួនាទីសម្រាប់ជាជំនួយដល់ឫសកែវ (Seminal root) ។ នៅពេលដែលស្រោមពន្លកឫសចាប់ផ្ដើមដុះ ស្រោមពន្លកស្លឹកក៏ដុះចេញដែរ ។ ហើយដែលនៅក្នុងនោះ បន្ទាប់មកគឺ ថ្នាំងពន្លក (Mesocotyl) បានដុះចេញ ។ ថ្នាំងពន្លកនេះ ជាថ្នាំងដំបូងបង្អស់របស់ដើមស្រូវ ។ នៅពេលដែលដើមស្រូវដុះស្លឹកទី៣ នៅផ្នែកខាងចុងនៃថ្នាំងពន្លក ឫសព្រយោងក៏ចាប់ផ្ដើមដុះឡើង ។ ក្រោយពីដុះ ឫសព្រយោងត្រូវបានលូតលាស់ចាក់ទៅក្រោមដីប្រមាណ ១៨ ទៅ ២០ សម និងចាក់ទៅសងខាងប្រវែងពី ៣០ ទៅ ៣៥ សម ។ ការលូតលាស់របស់ឫសព្រយោង និងស្លឹកមានទំនាក់ទំនងជាមួយគ្នា គឺមានន័យថា ប្រសិនបើប្រវែងនៃស្លឹកស្រូវលូតចាក់ចេញទៅផ្នែកខាងឆ្ងាយនៃដើម បានប្រវែងត្រឹមណានោះ ឫសព្រយោងក៏លូតលាស់ចាក់ចេញបានដល់ត្រឹមនោះដែរ ។ ឫសនេះមានមុខងារសម្រាប់ទ្រទ្រង់ជំហរដើមស្រូវមិនឱ្យដួល ស្រូបយកទឹក និងសារធាតុចិញ្ចឹម ជាពិសេសសារធាតុអាសូត ផូស្វ័រ ប៉ូតាស្យូមពីក្នុងដី ដើម្បីផ្ដល់ទៅឱ្យសរីរាង្គដើមស្រូវនិងមានតួនាទីសម្រាប់ផ្ទុក ជាតិទឹក និងអាហារសម្រាប់ទ្រទ្រង់ជីវិតរបស់ដំណាំស្រូវ (រូបភាព៦) ។ នៅខាងក្បាលឫស មានស្រោមរឹងព័ទ្ធជុំវិញដើម្បីការពារឫស និងជាជំនួយដល់ឫសក្នុងការទម្លុះចូលក្នុងដី ដែលស្រោមនេះគេហៅថាលាលាដ៍ឫស (Root Cap) ។
១.២.៣- ឫសខ្យល់ (Adventitious roots)
ឫស នេះដុះចេញពីថ្នាំងនៃដើមស្រូវនៅផ្នែកក្រោម (ឫសដែលនៅលើផ្ទៃដី) ហើយការបែកខ្នែង គឺកើតឡើងដោយឯកឯង ។ ចំពោះពូជស្រូវឡើងទឹក គេសង្កេតឃើញវាកើតចេញពីថ្នាំងខាងលើបំផុតនៃដើមវែង តែនៅក្រោមស្រទាប់សើៗនៃផ្ទៃទឹក ។ ឫសខ្យល់មាន ២ ប្រភេទគឺ ឫសខ្យល់ទី១ (Primary adventitious roots) និងឫសខ្យល់ទី២ (Secondary adventitious roots) ។ ចំពោះពពួកស្រូវឡើងទឹក គឺមានឫសខ្យល់ទាំងពីរប្រភេទ ហើយដែលឫសខ្យល់ទាំងពីរនឹងចាក់ចូលទៅក្នុងដីពេលទឹកស្រក ។ ចំពោះពពួកស្រូវដទៃទៀត គឺភាគច្រើនមានតែឫសខ្យល់ទី១ប៉ុណ្ណោះ ។
១.៣- ដើមស្រូវ (Culm)
ដើម ស្រូវមានតួនាទីសម្រាប់ទ្រទ្រង់ស្លឹក និងកួរស្រូវ បង្កើតដើមបែកថ្មី និងឫស ភ្ជាប់សកម្មភាពនៃការធ្វើរស្មីសំយោគ ផ្ទុក និងដឹកជញ្ជូនជាតិទឹក សារធាតុចិញ្ចឹមផ្សេងៗ និងសម្រាប់ធ្វើការផ្គត់ផ្គង់ខ្យល់ទៅកាន់ឫស ។ ដើមស្រូវត្រូវបានចែកចេញជា ២ផ្នែកគឺ ថាំ្នង (Nodes) និងចន្លោះថ្នាំង (Internodes) (រូបភាព៧) ។
រូប៧ លក្ខណៈរូបសាស្ត្រនៃដើមស្រូវ
១.៣.១- ថ្នាំង (Nodes)
ថ្នាំង គឺជាផ្នែករឹងនៃដើមស្រូវដែលមានភាពតាន់ និងគ្មានប្រហោង ហើយជាកន្លែងសម្រាប់បង្កើតស្លឹក និងពន្លកខ្នែងនៃដើមស្រូវ ។ ពន្លកខ្នែងមានទីតាំងនៅចន្លោះរបស់ថ្នាំង និងគល់ស្រទបស្លឹក ។ ចំណែកថ្នាំងដែលនៅខាងចុងនៃដើម ជាថ្នាំងដែលបង្កើតកួរស្រូវ ។
១.៣.២- ចន្លោះថ្នាំង (Internodes)
ចន្លោះ ថ្នាំង ជាផ្នែករលោងហើយមានលក្ខណៈរឹង និងតាន់នៅពេលដែលវានៅខ្ចី ប៉ុន្ដែប្រែក្លាយទៅជាមានប្រហោងនៅពេលវាកាន់តែចាស់ ។ ផ្នែកនេះមានស្នាមចង្អូរតូចៗ ហើយជាផ្នែកមូលរលោងនៃដើម ។ ចន្លោះថ្នាំងខាងក្រោមជាទូទៅខ្លីៗ ខុសពីចន្លោះថ្នាំងខាងលើដែលវែងៗ ។ ចន្លោះថ្នាំងនេះ តភ្ជាប់គ្នាបានពីមួយទៅមួយដោយសារថ្នាំង (Nodes) ។ ចំពោះចន្លោះថ្នាំងរបស់ដំណាំស្រូវមានច្រើន ឬតិច គឺអាស្រ័យទៅតាមប្រភេទពូជផ្សេងៗគ្នា ដោយសារពូជខ្លះមានចន្លោះថ្នាំងច្រើនដែលធ្វើឱ្យដើមមានកំពស់ ខ្ពស់ និងពូជខ្លះទៀតមានចន្លោះថ្នាំងតិចដែលធ្វើឱ្យដើមមានកំពស់ទាប។ ជាទូទៅ ចន្លោះថ្នាំងចាប់ផ្ដើមលូតបណ្ដោយ ឬលូតប្រវែង ចាប់ពីផ្នែកខាងក្រោមទៅផ្នែកខាងលើនៃដើមស្រូវ ។ យ៉ាងណាមិញ ចន្លោះថ្នាំងដែលមានទីតាំងនៅផ្នែកខាងលើបំផុតនៃដើមស្រូវតែងតែមាន ទំហំតូច ជាពិសេសចន្លោះថ្នាំងដែលផ្ទុកផ្កា និងគ្រាប់ ។
១.៣.៣- ការបែកគុម្ព (Tillering)
រូប៨ ប្រព័ន្ធបែបគុម្ពនៃដំណាំស្រូវ
ស្រូវ គឺជាដំណាំដែលមានលទ្ធភាពក្នុងការបែកគុម្ពខ្លាំង ។ បែកគុម្ព គឺជាដំណើរការមួយដែលក្នុងនោះដើមបែកថ្មីៗ បានដុះលូតលាស់ចេញពីដើមមេ ឬដើមបែកចាស់ៗ ។ លោក Katayama (1951) បានធ្វើការសិក្សាយ៉ាងលម្អិតអំពីដំណើរការបែកគុម្ពនេះ ហើយបានបង្កើតជាប្រព័ន្ធមួយ ដែលគេបានបន្ដប្រើប្រាស់រហូតមកដល់បច្ចុប្បន្ន ។ រូបភាព៨ គឺជាគំនូសបំព្រួញអំពីការបែកគុម្ព ដែលមានលក្ខណៈសម្រាយជាងលោក Katayama (1951) បន្ដិច ដោយសារគំនូសបំព្រួញនេះមិនបានបញ្ជាក់អំពីលេខរៀងរបស់ថ្នាំង ដែលដើមបែកបានដុះចេញមក ។ ដើមបែករបស់ដំណាំស្រូវ ត្រូវបានចែកជាដើមមេ ដើមបែកទីមួយ (Primary tiller) ដើមបែកទីពីរ (Secondary tiller) និងដើមបែកទីបី (Tertiary tiller) ។ ដើមមេ គឺជាដើមដែលដុះចេញពីគ្រាប់ ហើយចេញពីដើមមេនេះ មានដើមបែកទីមួយ (Ti, i=1,…,n) ជាច្រើនដុះចេញមកតាមលំដាប់លំដោយនៃថ្នាំង ។ ដើមបែកទីពីរ គឺជាដើមបែកដែលដុះចេញពីដើមបែកទីមួយ ហើយដើមបែកទីបី គឺជាដើមបែកដែលដុះចេញពីដើម បែកទីពីរ ។ នៅក្នុងរូបភាព៨ ដើមមេ គឺតាងដោយ T0 ដើមបែកទីមួយ គឺតាងដោយអក្សរ T និងលេខមួយខ្ទង់ (ឧទាហរណ៍ៈ T1, T2, …) ដើមបែកទីពីរគឺតាងដោយអក្សរ T និងលេខពីរខ្ទង់ (ឧទាហរណ៍ៈ T11, T21, …) និងដើមបែកទីបី គឺតាងដោយអក្សរ T និងលេខបីខ្ទង់ (ឧទាហរណ៍ៈ T111, T211, …) លំដាប់លេខ១-n បញ្ជាក់ពីដើមបែកដែលដុះលំដាប់បន្ដគ្នា ដូចជា T1 គឺដើមបែកទីមួយដែលដុះមុនគេពីដើមមេ ហើយ T5 គឺជាដើមបែកទីមួយដែលដុះចេញពីដើមមេ បន្ទាប់ពីដើមបែកទីមួយ បួនទៀតបានដុះចេញពីដើមមេរួចហើយ ។ ចំនួនដើមបែក គឺអាស្រ័យទៅលើពូជរយៈពេលលូតលាស់ លក្ខខណ្ឌដាំដុះ (ពន្លឺ និងសារធាតុចិញ្ចឹម) និងវិធីសាស្ដ្រដាំដុះ ។
១.៤- ស្លឹកស្រូវ (Leaf)
ស្លឹក ស្រូវទាំងអស់ត្រូវបានទ្រដោយដើម ហើយតំរៀបជាពីរជួរ ។ គេសង្កេតឃើញថា នៅផ្នែកខាងលើនៃថ្នាំងមួយ គឺមានដុះស្លឹកមួយ ដែលមានពីរផ្នែកគឺស្រទបស្លឹក (Leaf sheath) និងបន្ទះស្លឹក (Leaf blade) (រូបភាព៩) ។ ក្នុងមួយវដ្ដជីវិតរបស់ដើមស្រូវមានស្លឹកពី ១០ ទៅ ២០ ប៉ុន្ដែមានតែស្លឹកពី ៥ ទៅ ១០ ប៉ុណ្ណោះ ដែលនៅរស់រហូតដល់ពេលប្រមូលផលគ្រាប់ ចំណែកស្លឹកដទៃទៀតចាប់ផ្ដើមស្វិត និងងាប់បន្ដបន្ទាប់ទៅតាមការអភិវឌ្ឍនៅក្នុងវគ្គនីមួយៗនៃដំណាំ ស្រូវ ។ ស្លឹកខាងលើបំផុតដែលស្ថិតនៅខាងក្រោមកួរ គឺជាស្លឹកទង់ជ័យ ឬស្លឹកអមកួរ (Flag leaf) ។ ស្លឹកស្រូវមានមុខងារសម្រាប់ទទួលពន្លឺ និងដឹកនាំការធ្វើរស្មីសំយោគ សកម្មភាពដំណកដង្ហើម បំភាយចំហាយទឹក សម្រាប់ផ្ទុកអាហារចិញ្ចឹមផ្សេងៗ សម្រាប់នាំខ្យល់ទៅឱ្យឫស ដើម និងស្រទបស្លឹកដែលស្ថិតនៅក្នុងទឹក ។ នៅផ្នែកតភ្ជាប់រវាងស្រទបស្លឹក (Leaf sheath) និងបន្ទះស្លឹក (Leaf blade) មានសរីរាង្គបីទៀតគឺ ចង្កំស្លឹក (Collar) អណ្ដាតស្លឹក (Ligule) និងត្រចៀកស្លឹក (Auricle) ។
រូប៩ ស្លឹកស្រូវ
១.៤.១- ស្រទបស្លឹក (Leaf sheath) និងបន្ទះស្លឹក (Leaf blade)
ស្រទប ស្លឹក ស្ថិតនៅផ្នែកខាងក្រោមនៃស្លឹក ដែលស្រោបរុំព័ទ្ធជុំវិញដើម ។ ជួនកាលស្រទបស្លឹក និងបន្ទះស្លឹកតភ្ជាប់គ្នានៅចន្លោះថ្នាំង ។ ស្រទបស្លឹកដែលស្ថិតនៅត្រង់គល់ថ្នាំង មានរាងប៉ោងចេញ ដែលគេឱ្យឈ្មោះថា ផ្នែកប៉ោងនៃស្រទបស្លឹក ។ បន្ទះស្លឹក គឺជាផ្នែកខាងលើនៃស្លឹកមានរាងជាបន្ទះស្រួចហើយរាបស្មើ ។ នៅផ្នែកខាងក្រោមនៃផ្ទៃស្លឹកចំកណ្ដាល មានទ្រនុងធំមួយលយចេញជាងគេ គឺជាទ្រនុងកណ្ដាលនៃស្លឹក (Midrib) ។ ផ្ទៃខាងលើនៃបន្ទះស្លឹកមានជួរឆ្នូតៗជាច្រើន ដែលស្របគ្នាជាមួយទ្រនុងស្លឹក ។ ស្លឹកដុះចេញមកឆ្លាស់គ្នានៅលើដើម ។
១.៤.២- ចង្កំស្លឹក (Collar) អណ្ដាតស្លឹក (Ligule) និងត្រចៀកស្លឹក (Auricle)
ចង្កំ ស្លឹក គឺជាផ្នែកមួយសម្រាប់តភ្ជាប់រវាងស្រទបស្លឹក និងបន្ទះស្លឹក ឬជាផ្នែកដែលខណ្ឌស្រទបស្លឹក និងបន្ទះស្លឹក ។ អណ្ដាតស្លឹក គឺជាភ្នាសស្ដើងឈរត្រង់ទៅលើ ហើយស្ថិតនៅខាងក្នុងបន្ទះស្លឹក ពោលគឺនៅកន្លែងណាដែលបន្ទះស្លឹកតភ្ជាប់នឹងស្រទបស្លឹក ។ ទម្រង់របស់វាមានសភាពស្ដើងស្រួចចុង ដែលចុងនោះអាចបែកជាពីរ ឬមិនបែកអាស្រ័យដោយពូជ ។ ត្រចៀកស្លឹក គឺជាព្រុយមួយគូដែលស្ថិតនៅគែមសងខាង ផ្នែកគល់ខាងក្រោយនៃបន្ទះស្លឹកស្រូវ ។ ជាធម្មតាត្រចៀកស្លឹក លូតឡើងនៅផ្នែកចំហៀង ពោលគឺកន្លែងដែលអណ្ដាត និងគល់នៃចង្កំស្លឹកតភ្ជាប់គ្នា ។ អណ្ដាតស្លឹក និងត្រចៀកស្លឹក ជាសរីរាង្គដែលសំខាន់បំផុត ក្នុងការកំណត់ពីភាពខុសគ្នារវាងដំណាំស្រូវ និងស្មៅ ក្នុងដំណាក់កាលលូតលាស់ ។ ជាទូទៅស្លឹករបស់ពូជស្រូវទាំងអស់ គឺមានសរីរាង្គទាំងពីរនេះ ផ្ទុយទៅវិញស្លឹកស្មៅ គឺអាចគ្មានមានសរីរាង្គទាំងពីរនេះ ឬក៏មានតែមួយប៉ុណ្ណោះ ។
២- លក្ខណៈរូបសាស្ដ្រនៃសរីរាង្គបន្ដពូជ
២.១- កួរស្រូវ (Panicle or Inflorescence)
កួរស្រូវ រួមមានកកួរ (Panicel base) អ័ក្សនៃកួរ (Panicle axis) ស្មែងទីមួយ (Primary branch) ស្មែងទីពីរ (Secondary branch) ទងគ្រាប់ (Pedicel) និងកន្សោមផ្កា (Spikelet) (រូបភាព១០) ។ កកួរ គឺជាផ្នែកដែលភ្ជាប់តួកួរជាមួយចន្លោះថ្នាំងលើបំផុតនៃដើម (Uppermost internodes) ។ ស្មែងទីមួយ គឺជាស្មែងដែលដុះចេញពីអ័ក្សនៃកួរ ដែលនៅលើស្មែងទីមួយនេះ មានស្មែងទីពីរដុះចេញ ។ ជាទូទៅកន្សោមផ្កា គឺដុះចេញពីស្មែងទីពីរដែលមានទងគ្រាប់ជាសរីរាង្គភ្ជាប់ ។
រូប១០ កួរស្រូវ
កួរស្រូវ បានចាប់ផ្ដើមអភិវឌ្ឍនាចុងដំណាក់កាលពន្លូតដើម ។ កំពកកួរ (Panicle primordial) បានលេចចេញមុនគេ រួចបន្ទាប់មកកំណរកួរ (Panicle initiation) បានចាប់ដំណើរការ រហូតបានជារូបរាងកួរទាំងមូលហើយដែលដំណើរការនេះ គឺប្រព្រឹត្ដទៅនៅក្នុងស្រទបស្លឹកទង់ជ័យ ។ នៅក្នុងដំណាក់កាលអភិវឌ្ឍន៍កួរនេះ ផ្នែកខាងចុងនៃដើមស្រូវ ដែលរុំព័ទ្ធដោយស្រទបស្លឹកទង់ជ័យរីកប៉ោង និងលូតវែង ដូចនេះបានជាគេហៅថា ដំណាក់កាលផើម (Booting stage) ។ ជាទូទៅ ដំណាក់កាលផើមនេះ មានរយៈពេល ៣៥ ថ្ងៃ ទើបកួរស្រូវចេញផុតពីស្រទបស្លឹកទង់ជ័យ ។ លទ្ធភាពរបស់កួរស្រូវ ដែលអាចលូតផុតពីស្រទបស្លឹកទង់ជ័យគឺជាដំណកកួរ (Panicle exertion) ហើយដំណកកួរនេះ គឺអាស្រ័យទៅតាមពូជស្រូវ ។
២.២- កន្សោមផ្កា (Spikelet)
ស្រូវ គឺជារុក្ខជាតិស្វ័យចរលំអង (Autogram/ Self-pollinated) ដោយមានកេសរឈ្មោល (Stamen) និងកេសរញី (Pistil) ស្ថិតនៅក្នុងកន្សោមផ្កាតែមួយ ។ ផ្នែកបន្សំនៃកន្សោមផ្កាមានបង្ហាញនៅក្នុងរូបភាព១១ ឯផ្នែកខាងក្រៅ ក៏បានរៀបរាប់ក្នុងចំណុច១.១ រួចហើយដែរ ។ ផ្នែកខាងក្នុងនៃកន្សោមផ្កាមាន កេសរឈ្មោល (Stamen) និងកេសរញី (Pistil) ។ កេសរឈ្មោល ផ្សំឡើងដោយទងនៃថង់លំអង (Filament) និងថង់លំអង (Anther) ដែលផ្ទុកទៅដោយលំអងឈ្មោល (Pollens) ។ កេសរឈ្មោលមានចំនួនប្រាំមួយក្នុងកន្សោមផ្កាមួយ ។
រូប១១ ផ្នែកនីមួយៗនៃកន្សោមផ្កា
កេសរ ញីផ្សំឡើងដោយ អូវែ (Ovary) មួយ កកេសរញី (Style) ពីរ និងមាត់កេសរញី (Stigma) ពីរ ។ បន្ទាប់ពីកួរស្រូវ (ទាំងមូល ឬផ្នែកខ្លះ) ចេញផុតពីស្រទបស្លឹកទង់ជ័យហើយ កន្សោមផ្កានឹងបើក ហើយបន្ទាប់មកថង់លំអងក៏បែក រួចលំអងឈ្មោលដែលទុំនឹងជ្រុះធ្លាក់ទៅលើមាត់កេសរញី ។ លំអងឈ្មោលនឹងត្រូវចូលទៅអូវែតាមរយៈកកេសរញី ហើយដែលនៅទីនោះ លំអងឈ្មោលប្រសព្វជាមួយបុប្ផាណករ (Ovule) ។ ដំណើរការរោយលំអងប្រព្រឹត្ដទៅក្នុងចន្លោះពេលពីម៉ោង ៩:០០-១២:០០ ព្រឹក ។ បន្ទាប់ពីភពប្រសព្វហើយ អូវែនឹងអភិវឌ្ឍទៅជាគ្រាប់ស្រូវ ៕
ដោយ លោក អ៊ុក ម៉ាការា, ពិន តារា និង ឡោ ប៊ុណ្ណា
No comments:
Post a Comment