អ្វីទៅជាប្រព័ន្ធប្រពលវប្បកម្មស្រូវតាមគោលការណ៍ធម្មជាតិ (ប.វ.ស) ?
ប្រព័ន្ធ ប្រពលវប្បកម្មដំណាំស្រូវតាមគោលការណ៍ធម្មជាតិ ដែលហៅកាត់ថា “ប.វ.ស” គឺជាការផ្គុំចូលគ្នានូវបច្ចេកទេស ឬការអនុវត្ដល្អៗ ដើម្បីជួយឱ្យស្រូវលូតលាស់បានល្អ និងបានផលច្រើនតាមសក្ដានុពលធម្មជាតិរបស់វា ។ គោលការណ៍ និងបច្ចេកទេស ប.វ.ស ត្រូវបានបង្កើតឡើងលើកដំបូងដោយលោក ហង់រី ដឺឡាឡូន្យេ (ជនជាតិបារាំង) នៅប្រទេសម៉ាដាហ្កាស្កា (កោះមួយនៅទ្វីបអាហ្វ្រិក) នៅក្នុងអំឡុងទសវត្សរ៍ទី៨០ ។
គោលការណ៍ និងបច្ចេកទេសរបស់ប.វ.ស
គោលការណ៍សំខាន់ៗសម្រាប់បង្កើនទិន្នផលស្រូវរួមមាន ៥ចំណុចដូចខាងក្រោម ៖
- ស្រូវមិនមែនជាដំណាំដុះក្នុងទឹក ប្រសិនបើមានទឹកដក់ជាប់នៅក្នុងស្រែធ្វើឲ្យឫសស្រូវមិនអាចលូតលាស់បានពេញលេញល្អ
- ស្រូវ នឹងបាត់បង់នូវសក្ដានុពលនៃការបែកគុម្ពរបស់វាជាច្រើន ប្រសិនបើគេដកយកទៅស្ទូងនៅពេលសំណាបមានអាយុលើសពី១៥ថ្ងៃ
- ស្រូវ លូតលាស់បានលឿនល្អប្រសិនបើក្នុងពេលស្ទូង ភាពខូចខាត និងភាពរន្ធត់របស់សំណាប និងឫសរបស់វាត្រូវបានកាត់បន្ថយជាកម្រិត អប្បបរមា
- ស្រូវ ប្រសិនបើវាដុះតែឯង ដុះរាងឃ្លាតឆ្ងាយពីគ្នា វាអាចមានលទ្ធភាពដុះឫស និងបែកគុម្ពបានច្រើន
- ដី ដែលមានខ្យល់ចេញចូលគ្រប់គ្រាន់ និងសម្បូរទៅដោយសារធាតុសរីរាង្គ ឬជីធម្មជាតិ វានឹងបង្កើតនូវលក្ខខណ្ឌដ៏ល្អនូវការលូតលាស់របស់ឫស និងការចិញ្ចឹមជីវិតរបស់ដំណាំស្រូវ ។
- ការធ្វើដីឱ្យរាបស្មើ ជាកត្ដាមួយចាំបាច់ ពីព្រោះវាធានាឱ្យមានការផ្គត់ផ្គង់ទឹក និងជីជាតិបានស្មើល្អ
- ការ ជ្រើសរើសយកតែពូជគ្រាប់ដែលពេញល្អសម្រាប់យកទៅសាបតាមរយៈការ ត្រាំទឹក (យកល្អទឹកដែលត្រាំគួរជាទឹកមានជាតិអំបិល ដោយដាក់អំបិល១ក្ដាប់ដៃសម្រាប់ទឹក១ប៉ោត) ដើម្បីស្រង់យកគ្រាប់ដែលមិនពេញចេញ គ្រាប់អណ្ដែត)
- ធានា ឲ្យបានសំណាបថ្លោសទៅស្ទូងតាមរយៈការធ្វើថ្នាលសំណាបគោក (ដូចរងស្ពៃ) ។ នៅលើថ្នាលសំណាបធ្វើការប្រើជីកំប៉ុស្ត៍ប្រហែល៤-៥គីឡូក្រាមលើដី១ ម៉ែត្រក្រឡា និងការសាបស្ដើងដោយពូជ១គីឡូក្រាម សាបលើផ្ទៃដីប្រហែល៤០ម៉ែត្រក្រឡា
- ការជ្រើសរើសតែសំណាប ដែលថ្លោស មានសុខភាពល្អសម្រាប់យកទៅស្ទូង ពីព្រោះ សំណាបថ្លោស វាអាចដុះលូតលាស់បែកគុម្ពបានល្អ
- ការស្ទូងកូនសំណាបដែលមានអាយុតិចឬនៅខ្ចី យកល្អអាយុចាប់ពី៨-១៥ ថ្ងៃ
- កុំ ឱ្យមានទឹកដក់ច្រើនពេកក្នុងស្រែ យកល្អមានតែទឹកដក់បន្ដិចៗបានហើយនៅពេលស្ទូង និងពេលស្រូវកំពុងបែកគុម្ព ព្រោះវាបង្កលក្ខណៈឱ្យខ្យល់ចេញចូលក្នុងដីបានល្អ ដែលអាចជួយឱ្យឫសលូតលាស់បានប្រសើរ ហើយស្រូវក៏មិនលូតបណ្ដោយតាមទឹក តែរីកទទឹងដែលធ្វើឱ្យដើមវាថ្លោស និងរឹងមាំ
- នៅពេល ស្ទូងកុំស្ទូងកប់ឫសចូលក្នុងដីជ្រៅពេក (ជម្រៅ១-២ស.ម ទៅក្នុងដី) ឬស្ទូងគ្រាន់តែផ្ដិតឲ្យជាប់ដីបន្ដិចៗបានហើយ ពីព្រោះវានាំឲ្យឫសមានការលំបាកក្នុងការលូតលាស់ ហប់ខ្យល់ ហើយស្រូវពិបាកបែកគុម្ពដោយសារគល់ដើម (កន្លែងបែកខ្នែង) កប់ចូលជ្រៅពេក
- ការស្ទូងតែ១-២ដើមក្នុងមួយគុម្ព យកល្អតែមួយដើម ពីព្រោះស្រូវមួយដើមៗ បើវាមិននៅចង្អៀតគ្នាពេកទេ ឬវានៅតែឯងវាអាចមានលទ្ធភាពបែកគុម្ពបានល្អ
- ស្ទូងឱ្យ រង្វើលជាងធម្មតាបន្ដិច ហើយយកល្អឲ្យមានជួរ ឬបន្ទាត់ស្ទួងជាក្រឡាចត្រង្គ ពីព្រោះវាបង្កលក្ខណៈងាយស្រួលឲ្យស្រូវអាចមានលទ្ធភាពបែកគុម្ពបាន ល្អ អាចទទួលសារធាតុចិញ្ចឹមបានស្មើៗគ្នា និងងាយក្នុងការធ្វើស្មៅផង
- ធ្វើការសំអាតស្មៅឲ្យបាន មុន និងទៀងទាត់ និងរៀបចំជ្រោយដីឲ្យបានធូរឲ្យមានខ្យល់ចេញចូលល្អសម្រាប់ស្រូវ លូតលាស់បានល្អ ។ ក្រៅពីនេះទៀត ការដកស្មៅជួយកំចាត់នូវការប្រណាំងប្រជែងរបស់ស្មៅជាមួយដំណាំ ស្រូវ
- បន្ថែមសារធាតុចិញ្ចឹមដល់ដីស្រែក្នុងទម្រង់ជាជីសរីរាង្គ ដូចជា ជីកំប៉ុស្ត៍ ឬពពួកជីស្រស់ ។
ប្រសិនបើ លោកអ្នកចង់បានទិន្នផលស្រូវខ្ពស់ ហើយចំណាយតិច សូមសាកល្បងផ្ដុំចូលគ្នានូវ បច្ចេកទេសសំខាន់ៗទាំង១២ របស់ប.វ.ស
No comments:
Post a Comment